(អប់រំ)៖ មានគ្រួសារពីរ រស់នៅក្បែរគ្នាជាយូរមកហើយ ដោយគ្រួសារមួយតែងតែឈ្លោះគ្នាជាប្រចាំកម្រ
មានថ្ងៃណាផ្អែមល្ហែមជាមួយគ្នាណាស់ ឯគ្រួសារមួយទៀតរស់នៅបែបស្ងប់ស្ងាត់ និងមានសុភមង្គលមិនដែលឮសម្ដីតូចសម្ដីធំដាក់គ្នាទេ។ថ្ងៃមួយ គ្រួសារឧស្សាហ៍បង្កជម្លោះ មានអារម្មណ៍ច្រណែននឹងបរិយាកាសក្នុងគ្រួសារស្ងប់ស្ងាត់ ដោយប្រពន្ធបានប្រាប់ប្ដីថា “សាកទៅលួចមើលគ្រួសារជាប់ផ្ទះយើងមើល៍ មូលហេតុអ្វីបានជាគ្រួសារគេនោះមិនដែលឮមាត់ឈ្លោះគ្នា ហើយរីករាយរហូតអីចឹង”?
ឮដូចនេះប្ដីបានធ្វើតាម ដោយនៅថ្ងៃបន្ទាប់គាត់លបចូលក្នុងផ្ទះពួនសម្ងំចាំមើល តើប្ដីប្រពន្ធមួយគូនេះធ្វើអ្វីខ្លះ? ទីបំផុតគាត់បានឃើញមែន គឺស្ត្រីម្នាក់កំពុងបោសជូតសម្អាតកម្រាលឥដ្ឋក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់។ រំពេចនោះ នាងបានឮសំឡេងអ្វីម្យ៉ាងនៅក្នុងផ្ទះបាយ រួចក៏រត់ទៅមើលភ្លាម។ ស្របពេលជាមួយគ្នានោះ គាត់បានឃើញប្ដីរបស់នាងដើរចូលបន្ទប់យ៉ាងប្រញាប់ ដោយមិនបានមើលធុងទឹកជូតឥដ្ឋ ក៏ច្រឡំដើរទាត់កំពប់ទឹកបាចសាចពេញបន្ទប់។. បន្ទាប់មក ស្ត្រីជាប្រពន្ធបានឮសំឡេងប្ដីទាត់ធុងទឹកក៏ប្រញាប់ដើរចេញពីផ្ទះបាយវិញ រួចនិយាយទៅកាន់ប្ដីថា ” ខ្ញុំសុំទោស លោកប្ដី! វាជាកំហុសរបស់ខ្ញុំ ព្រោះខ្ញុំមិនបានយកធុងទឹកចេញពីផ្លូវដើរ រវល់តែទៅផ្ទះបាយបន្តិច។”ប្ដីតបវិញថា៖ “ទេទេ! បងសុំទោស ប្រពន្ធសម្លាញ់! វាជាកំហុសរបស់បងទៅវិញទេ ព្រោះបងដើរមិនបានចាប់អារម្មណ៍មិញនេះ។”ចំណែកបុរសមកលួចមើល ឃើញរឿងរ៉ាវហើយបានត្រលប់ទៅផ្ទះវិញតាមបង្គាប់ប្រពន្ធ។ ពេលមកដល់ផ្ទះមិនបានអង្គុយស្រួលបួលបាត់ហត់ផងប្រពន្ធក៏សួរ៖ “តើបានដឹងមូលហេតុធ្វើឲ្យគ្រួសារមួយហ្នឹង រស់នៅមានសុភមង្គល ឬទេ?”ប្ដីតប៖ “មិនបានឃើញអ្វីទាំងអស់ ឃើញតែប្ដីជាអ្នកដើរទាត់ធុងទឹក បែរជាប្រពន្ធមកសុំទោស ហើយប្ដីនោះក៏សុំទោសវិញដែរ។ ប្រពន្ធដឹងទេ បើរឿងតូចតាចនេះកើតឡើងចំពោះគ្រួសារយើងវិញ យើងទាំងពីរប្រាកដណាស់នឹងរកត្រូវរៀងៗខ្លួនមិនខាន ឯប្ដីប្រពន្ធគ្រួសារស្ងប់ស្ងាត់នោះបែរជាទទួលកំហុសរៀងៗខ្លួនទៅវិញ។” ប្រពន្ធឮបែបនេះ ភ្ញាក់ខ្លួនព្រើត និងសន្យាព្យាយាមធ្វើដូចគេចាប់ពីពេលនេះតទៅ៕តម្លៃអប់រំ៖ រួមរស់ជាប្ដីប្រពន្ធក្នុងសង្គមមួយ ត្រូវចេះរៀនអធ្យាស្រ័យឲ្យគ្នាបើមានម្នាក់ធ្វើខុស។ អ្នកប្រព្រឹត្តខុសត្រូវចេះទទួលកំហុស និងមិនត្រូវធ្វើរឿងតូចឲ្យក្លាយជារឿងធំទេ។ សុភមង្គលគ្រួសារមិនមែនកើតឡើងឯកឯងទេ គឺប្ដីប្រពន្ធទាំងពីរជាអ្នកបង្កើតឲ្យមាន៕
0 comments: